http://4238-ch4-v53.uzlove.life Share To You

វប្បធម៏ប្រពៃណី / ច្បាប់ទំលាប់ពេលគិតលុយនៅជប៉ុន

ច្បាប់ទំលាប់ពេលគិតលុយនៅជប៉ុន​

ជឿជាក់ថានៅលើពិភពលោកនេះមិនមានប្រទេសណាដែលមានវិន័យឬច្បាប់ទំលាប់សង្គមច្រើនដូចប្រទេសជប៉ុនឡើយ។ប្រសិនបើអ្នកធ្លាប់សិក្សាពីប្រទេសជប៉ុន ឬធ្លាប់ទៅរស់នៅប្រទេសជប៉ុន ប្រាកដជាដឹងថាមានរឿងជាច្រើនគឺរស់នៅក្នុងច្បាប់ទំលាប់ ប៉ុន្តែចំពោះជនជាតិជប៉ុនផ្ទាល់គឺមានការពេញចិត្តនិងមោទនភាពចំពោះច្បាប់ទំលាប់ទាំងនេះដូចគ្នា។ទោះជានៅតាមជណ្តើរយន្តក៏មានការតំរង់ឈរជាជួរនៅតែម្ខាងដែរ(ជាធម្មតាគេឈរនៅខាងឆ្វេងដៃ មានតែនៅអូសាកាប្រកាន់ស្តាំ)។នេះជារឿងទូទៅនៅប្រទេសជប៉ុន ប្រសិនបើអ្នកមានការប្រញាប់អាចរត់ឡើងតាមចំហៀងម្ខាងទៀតដែលទំនេរបាន។ដូចគ្នា ប្រសិនបើអ្នកទៅទិញឥវ៉ាន់តាមផ្សារទំនើបឬហាងតូចៗក៏ដោយ ក៏ត្រូវប្រកាន់ខ្លួនអោយមានរបៀបរៀបរយដែរ ខាងក្រោមនេះជាការចែករំលែកពីច្បាប់ទំលាប់ខ្លះៗដែលអាចជួបនៅពេលគិតលុយបន្ទាប់ពីទិញឥវ៉ាន់ហើយ។

#1. តំរង់ជួរ​

នៅប្រទេសជប៉ុន មិនថាធ្វើអ្វីក៏ត្រូវតំរង់ជួរដូចជាដើរផ្សារ ឡើងរថភ្លើង ជណ្តើរយន្ត សុទ្ធតែត្រូវតំរង់ជួរទាំងអស់នៅពេលមានមនុស្សច្រើន បើមិនច្នេះទេអ្នកប្រហែលជាត្រូវបានគេសំឡឹងមិនខាន។តាមផ្សារមួយចំនួន នៅមុខកន្លែងគិតលុយមានបិទខ្សែរស្កត់តាមកំរាលដើម្បីអោយអតិថិជនតំរង់ជួរជាខ្សែរពេលទិញឥវ៉ាន់រួចរាល់។យ៉ាងណាមិញ ទោះជាហាងលក់ទំនិញខ្នាតតូច  ប្រជាជនជប៉ុនក៏មានវិន័យក្នុងការតំរង់ជួរដោយខ្លួនឯងដែរ។នៅជប៉ុន អ្នកដែលបញ្ជ្រាតចូលជួរគេត្រូវបានចាត់ថាជាមនុស្សអសីលធម៏ក្នុងសង្គម។

#2. ត្រៀមប្រាក់ដែលត្រូវទូទាត់អោយហើយ

នៅជប៉ុន អំឡុងពេលដែលអ្នកកំពុងតំរង់ជួរឈររងចាំ អ្វីដែលគួរធ្វើគឺត្រៀមលុយដែលត្រូវបង់អោយហើយ ជាពិសេសបើចំនួនប្រាក់ដែលត្រូវបង់គឺលុយរាយឬតិច ជាធម្មតាជនជាតិជប៉ុនគឺព្យាយាមកាន់លុយអោយល្មមនៅក្នុងដៃអោយហើយ ដូច្នេះការតំរង់ជួរដើម្បីឆ្លៀតពេលគិតលុយដោយខ្លួនឯងអោយហើយ មិនត្រឹមតែបង្កើនភាពងាយស្រួលចំពោះខ្លួនឯង ហើយថែមទាំងជួយសំរួលដល់អ្នកអតិថិជនដទៃទៀត។

#3. ដាក់លុយចូលក្នុងថាស មិនមែនហុចអោយដៃបុគ្គលិកផ្ទាល់ទេ

ប្រសិនបើអ្នកធ្លាប់ទៅជប៉ុន សឹងតែគ្រប់ហាងឬភោជនីយដ្ឋានតែងមានកូនថាសមួយសំរាប់ដាក់លុយ។អ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីមិនទទួលលុយតែម្តងទៅ បែរជាត្រូវដាក់ក្នុងថាស? ទីមួយ ការទទួលលុយដោយដៃអាចធ្វើអោយអតិថិជនមានអារម្មណ៏មិនស្រួលខ្លួនឬអ្នកខ្លះក៏មានការប្រកាន់ ក្នុងករណីបុគ្គលិកចៃដន្យប៉ះត្រូវសាច់របស់អតិថិជន។ទីពីរ ដោយសារនៅជប៉ុនមានប្រើលុយកាក់ ប្រសិនបើលុយកាក់ដាក់លើតុ អាចពិបាកពេលយកឡើងមកដាក់ក្នុងទូលុយ ដូច្នេះដើម្បីជៀសវាងរឿងទាំងអស់នេះ ការដាក់លុយក្នុងថាសគឺជារឿងល្អបំផុត។ដោយឡែក ក៏មានបុគ្គលិកខ្លះទទួលយកលុយពីអតិថិជនដោយមានសុជីវធម៏ ពេលអ្នកហុចលុយអោយពួកគាត់ផ្ទាល់ (ប្រហែលជាបុគ្គលិកក៏ដឹងថាអ្នកជាភ្ញៀវបរទេសដែរ)​ ប៉ុន្តែ ក៏មានបុគ្គលិកខ្លះសំណូមពរអោយអតិថិជនដាក់លុយក្នុងថាសដូចអ្នកដទៃ។ជាក់ស្តែង វាមិនមែនជាវិន័យត្រូវតែគោរព100ភាគរយទេ ​ប៉ុន្តែអ្នកក៏ត្រូវចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេសដែរ។ការគោរពច្បាប់ទំលាប់តាមតំបន់ មិនត្រឹមបានសំដែងពីភាពថ្លៃថ្នូររបស់អ្នក ហើយក៏បានបង្ហាយអំពីវប្បធម៏របស់ភ្ញៀវទេសចរណ៏ដែរ។

#4. ប្រសិនបើត្រូវអាប់លុយ អ្នកគិតលុយអាចជួយអ្នកបាន

ជាធម្មតាប្រសិនបើត្រូវមានអាប់លុយអោយអតិថិជនវិញ បុគ្គលិកហាងនឹងបង្ហាយហើយរាប់លុយមួយសន្លឹកៗនៅមុខអ្នកតែម្តង។ក្នុងនោះមានមូលហេតុពីរដូចគ្នា ទីមួយគឺដើម្បីបញ្ជាក់ចំនួនលុយាប់កុំអោយខុស ទីពីរគឺមិនចាំបាច់ពិបាកដល់ភ្ញៀវអោយរាប់លុយដោយខ្លួនឯងម្តងទៀត។ដូច្នេះអ្នកត្រូវចាំនៅពេលទទួលលុយពីបុគ្គលិកគិតលុយមិនគួររាប់ម្តងទៀតនៅមុខគេទេ ពីព្រោះវាជាទង្វើរមិនគួរសមហើយក៏មានន័យថាអ្នកមិនជឿជាក់លើពួកគាត់ផងដែរ។នៅប្រទេសជប៉ុនមានកន្លែងដែលធ្វើអោយគេសរសើរ ហើយក៏មានវប្បធម៏ចំលែកនិងពិសេសជាច្រើនអាចធ្វើអោយអ្នកភ្ញាក់ផ្អើលនិងនឹកស្មានមិនដល់ដូចគ្នា។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?